PINEX AGRO នាំស្វាយចន្ទីកម្ពុជាឡើងឆាកអន្តរជាតិក្នុងកម្មវិធី IMPACT GALLERIA TOKYO 2026
លោកស្រី ពិន ភិរម្យ អគ្គនាយិកានៃក្រុមហ៊ុន UNI Holding និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន PINEX AGRO Co., Ltd. បាននាំយកសក្តានុពលវិស័យស្វាយចន្ទីកម្ពុជា ទៅបង្ហាញលើឆាកអន្តរជាតិ បន្ទាប់ពីត្រូវបានជ្រើសរើសជា បេក្ខភាព Top 10 នៃពានរង្វាន់ IMPACT GALLERIA AWARD 2026 និងបានតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី IMPACT GALLERIA TOKYO 2026 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៦ លោកស្រីបានធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម ចក្ខុវិស័យរបស់ PINEX AGRO និងសក្តានុពលដ៏ធំធេងនៃ វិស័យស្វាយចន្ទីកម្ពុជា ទៅកាន់វិនិយោគិន ដៃគូអាជីវកម្ម និងថ្នាក់ដឹកនាំសហគមន៍ ធុរកិច្ចអន្តរជាតិ។
ស្វែងយល់ពីឱកាសនៃវិស័យស្វាយចន្ទីកម្ពុជា
សារសំខាន់ដែល PINEX AGRO ចង់បង្ហាញទៅកាន់ពិភពលោក គឺកម្ពុជាមិនត្រឹមតែមានសក្តានុពលក្នុងការ ផលិតវត្ថុធាតុដើមកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែមានឱកាសដ៏ធំក្នុងការបង្កើត តម្លៃបន្ថែមតាមរយៈការកែច្នៃ បច្ចេកវិទ្យា សុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ ការកសាងម៉ាកយីហោ និងការនាំផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈវេទិកាអន្តរជាតិនេះ PINEX AGRO ក៏មានគោលបំណងទាក់ទាញចំណាប់អារម្មណ៍ពី វិនិយោគិន ដៃគូយុទ្ធសាស្ត្រ អ្នកផ្តល់បច្ចេកវិទ្យា និងដៃគូចែកចាយអន្តរជាតិ ឱ្យងាកមកស្វែងយល់ពីឱកាសក្នុងវិស័យស្វាយចន្ទី និងកសិ-ឧស្សាហកម្មរបស់កម្ពុជា។

បន្ទាប់ពីការចូលរួមនៅទីក្រុងតូក្យូ លោកស្រី ពិន ភិរម្យ ក៏ទទួលបាន ការទទួលស្គាល់បន្ថែម និងឱកាសចូលរួមតាំងពិព័រណ៍នៅ Sustainable Food Museum ដែលជាឱកាសថ្មីមួយទៀតក្នុងការនាំយកផលិតផល និងរឿងរ៉ាវនៃវិស័យកសិកម្មកម្ពុជាទៅកាន់ទស្សនិកជនអន្តរជាតិ។
មោទនភាពមួយទៀតសម្រាប់កម្ពុជា
សម្រាប់ PINEX AGRO សមិទ្ធផលនេះមិនមែនជាជោគជ័យរបស់ក្រុមហ៊ុនតែមួយនោះទេ ប៉ុន្តែជាឱកាសមួយក្នុងការនាំយក កម្ពុជា គ្រាប់ស្វាយចន្ទីកម្ពុជា និងសហគ្រិនខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ។
PINEX AGRO បន្តប្តេជ្ញាចូលរួមជំរុញការកែច្នៃផលិតផលក្នុងស្រុក បង្កើតតម្លៃបន្ថែម គាំទ្រកសិករ បង្កើតការងារក្នុងសហគមន៍ និងនាំយកផលិតផលកសិកម្មដែលផលិត និងកែច្នៃដោយកូនខ្មែរ ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងពិភពលោក។
